មុនអ្នកស្រលាញ់ នឹងផ្ដល់សុភមង្គលដល់នារីណាម្នាក់ តើអ្នកត្រូវដឹងអី្វខ្លះអំពីនារីម្នាក់នោះ?

ចំនុចមួយចំនួន នៅខាងក្រោមនេះ គ្រប់មនុស្សស្រីដែល ស្រលាញ់អ្នកស្មោះ និង ចង់បង្កើតក្រុមគ្រួសារតូចមួយ ដែលមានសុភមង្គលជាមួយអ្នក តែងតែទាមទារ ចង់បានពីអ្នក៖

១. ខ្ញុំមិនត្រូវការសំភារៈនិយមទេ ខ្ញុំមិនត្រូវការឲ្យអ្នកជាកូនសេដ្ឋី ខ្ញុំគ្រាន់តែសង្ឃឹមថា អ្នកមានការងារមួយ ដែលមានចំណូលនឹងនរ និងមានគម្រងសំរាប់ជីវិតអ្នក​ មិនមែនចាំតែពឹង លើមនុស្សស្រី រឺឪពុកម្តាយរបស់អ្នកនោះទេ។

២. ខ្ញុំមិនប្រកាន់ទេបើ អ្នកមើលតារាស្រីស្អាតៗ រឺ ជួនកាលលួចសរសើរ ស្រីម្នាក់នោះមាន រាងស្អាត ស្រីម្នាក់នោះមុខស្អាត តែហាមដាច់ខាតអង្គុយ មើលរូបថតសង្សារចាស់ ហើយនឹកដល់អស្សាវរិ៍យចាស់ៗទាំងនោះ។

៣. សង្ឃឹមថាអ្នកយល់ចិត្តខ្ញុំបន្តិច ខ្ញុំមិនត្រូវការអោយអ្នកទិញរបស់ថ្លៃៗនោះទេ ប៉ុន្តែ អ្វីដែលខ្ញុំចង់បាននោះ គឺការយកចិត្តទុកដាក់ពីអ្នក ។ អ្នកដឹងថាខ្ញុំចូលចិត្តអ្វី និង មិនចូលចិត្តអ្វី ដូច្នេះនៅពេលអ្នកទៅផ្សារទិញសំភារៈប្រើប្រាស់ អ្នកឃើញរបស់ដែល ខ្ញុំចូលចិត្ត គួរណាតែទិញផ្ញើរខ្ញុំផង ព្រោះធ្វើបែបនេះ គឺគេហៅថាការមានទឹកចិត្ត​ និង ភាពភ្ញាក់ផ្អើល ហើយអាចថាជាភាពរ៉ូមែនទិច​ ដែលអ្នកផ្តល់អោយខ្ញុំ ។

៤. មនុស្សប្រុសដែល ចេះគោរពចាស់ទុំ មិនថាជាឪពុកម្តាយអ្នក ឬ ឪពុកម្តាយខ្ញុំទេ ពេលបុណ្យទាន ត្រូវចេះទៅលេងគាត់ ទិញរបស់បន្តិចបន្តួច ជូនលោក ហើយ មិនត្រូវថាគាត់ជាមនុស្សចាស់រអ៊ូច្រើន បង្ហាញកាយវិការមិនពេញចិត្តរបស់អ្នក ដាក់គាត់នោះទេ អ្នកត្រូវដឹងថាថ្ងៃណាមួយ អ្នកក៏ក្លាយជាមនុស្សចាស់ម្នាក់ដែរ ដូចគាត់ដែរ ។

៥. ខ្ញុំមិនស្អាតដូចទេពអប្សរទេ ហើយ​ខ្ញុំក៏មិនត្រូវការឲ្យអ្នកស្អាតដូចតារា​ដែរ តែអ្នកត្រូវចេះស្អាតបាត ទាំងក្នុងការរស់នៅ ទាំងការស្លៀកពាក់ ។

៦. ជួនកាលការឈ្លោះប្រកែកគ្នា មិនមែនសុទ្ធតែជារឿងអាក្រក់នោះទេ ។ វាអាចជាការយល់ចិត្តកាន់តែច្បាស់ ។ ម្យ៉ាងវិញទៀត វាក៏ជារសជាតិមួយបែប ដែលធ្វើអោយជីវិតយើង កាន់តែមានន័យថែមទៀត ។ បន្ទាប់ពីឈ្លោះគ្នា​ ខ្ញុំសង្ឃឹមថាស្មាររបស់អ្នក អាចអោយខ្ញុំផ្អែកគ្រប់ពេលវេលា មិនបោះបង់ខ្ញុំចោលនោះទេ ។

៧. ពេលខ្លះអ្នកក៏គួរតែចេះធ្វើ រឿងរ៉ូមែនទិចអោយខ្ញុំ រំភើបចិត្តផងបានទេ ។ អាចយូៗនាំខ្ញុំ ទៅដើរកំសាន្តនៅ កន្លែងឆ្ងាយៗម្តង ។ បើមានឳកាស សូមនិយាយថា «បងស្រលាញ់អូន» ខ្ញុំមិនត្រូវការកុលាប ៩៩៩ទងទេ គ្រាន់តែមួយទងក៏ធ្វើឲ្យ ខ្ញុំរំភើប និងមានសុភមង្គលបានដែរ ។

៨. ខ្ញុំមិនបិទសិទ្ធសេរីភាពរបស់អ្នកទេ ប្រសិនបើថ្ងៃណាមួយ អ្នកត្រឡប់មកផ្ទះយប់ ដោយសារតែទៅ ផឹកស្រាជាមួយមិត្តភក្តិ របស់អ្នកនោះ ។ ប៉ុន្តែសូមអ្នក call មកប្រាប់ខ្ញុំឲ្យបានដឹងផង កុំឲ្យខ្ញុំបារម្ភពីអ្នក ហើយ​ ខ្ញុំគ្រាន់តែសុំអ្នក កុំស្រវឹងដល់មិនស្គាល់ផ្លូវត្រឡប់មកផ្ទះ ។

៩. ខ្ញុំក៏មានពេលមិនសប្បាយចិត្ត រឺ មិនចង់ធ្វើអ្វីទាំង ហើយក៏ មិនចង់ស្តីរកអ្នកណាទាំងអស់ ។ ពេលនោះអ្វីដែលខ្ញុំ ចង់បានពីអ្នក គឺគ្រាន់តែសុំឲ្យអ្នកអង្គុយក្បែរខ្ញុំ ដោយស្ងាត់ៗ ហើយនិយាយយ៉ាងខ្លី ថាកុំបារម្ភអីមានបងនៅទីនេះ នៅក្បែរអូនគ្រប់ពេល ។ ហើយក៏មិនចាំបាច់សួរដេញដោលច្រើននោះដែរ ។

១០. មនុស្សស្រីមនុស្សប្រុស គឺដូចគ្នាតែងតែមានពេលនឿយហត់ បាក់ទឹកចិត្ត ។ ប្រសិនបើអ្នកជួបបញ្ហាបែបនេះ សូមអ្នកប្រាប់ខ្ញុំ បើទោះជាស្មាររបស់ខ្ញុំ មិនធំដូចស្មាររបស់អ្នក ប៉ុន្តែខ្ញុំនឹងនៅក្បែរអ្នក អោយអ្នកខ្ចីស្មារ ផ្អែកដោយមិនរំខានអ្នកទេ ។

ប្រភព៖ FB អាណេត